WPFD Statement: Khmer
ទិវាសេរីភាពសារព័ត៌មានពិភពលោក
សេចក្តីថ្លែងការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
លោកស្រី មីហ្សែល បាស្សេឡែត
៣ ឧសភា ២០២១
ទិវាសេរីភាពសារព័ត៌មានពិភពលោក
សេចក្តីថ្លែងការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
លោកស្រី មីហ្សែល បាស្សេឡែត
៣ ឧសភា ២០២១
សារព័ត៌មានសេរី គ្មានការរិតត្បិត និងឯករាជ្យ គឺជាគ្រឹះនៃសង្គមប្រជាធិបតេយ្យ។ វាអាចនាំមកនូវព័ត៌មានសង្គ្រោះជីវិតនៅក្នុងគ្រាមានវិបត្តិ ផ្តល់នូវមូលដ្ឋានសម្រាប់ការចូលរួមរបស់សាធារណៈជន និងជួយធានាឱ្យមានគណនេយ្យភាព និងការគោរពសិទ្ធិមនុស្ស។
ទិវាសេរីភាពសារព័ត៌មានពិភពលោកគឺជាឱកាសមួយ ដើម្បីអបអរសាទរការងារជាមូលដ្ឋាននេះ។ ជាពិសេសនៅថ្ងៃនេះ ខណៈដែលយើងប្រារព្ធខួបលើកទី ៣០ នៃសេចក្តីប្រកាសទីក្រុងវីនដុក ដែលក្នុងនោះ អ្នកសារព័ត៌មានអាហ្វ្រិកមួយក្រុមបានដាក់ចេញនូវគោលការណ៍សំខាន់ៗសម្រាប់សេរីភាពសារព័ត៌មាន។
ប៉ុន្តែទោះបីជាតួនាទីពាក់ព័ន្ធថ្នាក់ខ្ពស់របស់ពួកគេក៏ដោយ ក៏អ្នកសារព័ត៌មានតែងតែប្រឈមមុខនឹងការវាយប្រហារ ការគំរាមកំហែង ការយាយី និងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌដោយសារតែការងាររបស់ខ្លួនដែរ។ តួលេខក៏បានបង្ហាញផងដែរនូវអត្រាដ៏គួរឱ្យភ្ញាក់ផ្អើលនៃអំពើហិង្សាពាក់ព័ន្ធនឹងយែនឌ័រប្រឆាំងនឹងអ្នកសារព័ត៌មានស្ត្រី រាប់បញ្ចូលទាំង ការយាយីផ្លូវភេទ និងការរំលោភបំពានតាមអនឡាញ។
ចំនួនអ្នកសារព័ត៌មាន និងបុគ្គលិកអ្នកសារព័ត៌មាន ត្រូវបានសម្លាប់ ក្នុងទសវត្សចុងក្រោយនេះ មានជិតមួយពាន់នាក់។ ចំនួនដ៏គួរឱ្យរន្ធត់នៃការវាយប្រហារ រួមមាន តាមរយៈតួអង្គរដ្ឋ ក្រុមប្រដាប់អាវុធ ឬក្រុមឧក្រិដ្ឋជនគឺមានលក្ខណៈកាចសាហាវ ដូចជាភាពអសកម្មដែលពួកគេបានជួបប្រទះ។
មានករណីតិចតួចបំផុត ដែលអ្នកទទួលខុសត្រូវ ត្រូវបានកាត់ទោស និងផ្តន្ទាទោស ជារឿយៗ កើតចេញពីលទ្ធផលនៃការតស៊ូមតិអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីទទួលបានយុត្តិធម៌ និងដោយការលះបង់ផ្ទាល់ខ្លួនយ៉ាងច្រើនសម្រាប់ក្រុមគ្រួសារជនរងគ្រោះ។
និទណ្ឌភាពស្ទើរតែទាំងស្រុងនេះ រួមចំណែកដល់ការកើតឡើងវិញនៃការរំលោភបំពានបែបនេះ និងបរិយាកាសភ័យខ្លាចក្នុងចំណោមអ្នកសារព័ត៌មាន ក្រុមគ្រួសាររបស់ពួកគេ និងសង្គមទាំងមូល។
វិបត្តិជំងឺកូវីដ-១៩ បានស្តែងឱ្យឃើញកាន់តែច្បាស់ថា ការធ្វើរបាយការណ៍រិះគន់លើគោលនយោបាយ
រដ្ឋាភិបាល ឬឥស្សរជនសាធារណៈ ជារឿយៗ តែងត្រូវបានប្រឈមនឹងការចោទប្រកាន់។ ច្បាប់ដែលត្រូវបាន
អនុម័ត ឬអនុវត្ត ដើម្បីរឹតត្បិត និងដាក់ទោសព្រហ្មទណ្ឌចំពោះការផ្សាយព័ត៌មានមិនពិត ក្នុងអំឡុងពេលមានជំងឺរាតត្បាត ក៏ត្រូវបានប្រើប្រាស់ដោយរដ្ឋផ្សេងៗផងដែរ ដើម្បីកំណត់គោលដៅទៅលើអ្នកសារព័ត៌មាន។
នៅជុំវិញពិភពលោក ប្រជាជនបានចេញដើរតាមដងផ្លូវកាន់តែច្រើនឡើងៗ ដើម្បីទាមទារសិទ្ធិសេដ្ឋកិច្ចនិងសង្គមរបស់ពួកគេ ក៏ដូចជា ការបញ្ចប់ការរើសអើង និងការប្រកាន់ពូជសាសន៍ជាប្រព័ន្ធ និទណ្ឌភាព និងអំពើពុករលួយ។ អ្នកសារព័ត៌មានបំពេញតួនាទីជាមូលដ្ឋានរបស់ខ្លួន ក្នុងការរាយការណ៍អំពីការតវ៉ាក្នុងសង្គមទាំងនេះបានក្លាយជាគោលដៅដែលមិនអាចអត់ឱនបាន។ មនុស្សជាច្រើន បានរងគ្រោះដោយសារការប្រើប្រាស់កម្លាំងដែលមិនចាំបាច់ និងមិនសមាមាត្រ តាមរយៈការអនុវត្តច្បាប់ ការចាប់ខ្លួនដោយបំពាន និងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ។
ការវាយប្រហារ ការចាប់ខ្លួន និងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌប្រឆាំងនឹងអ្នកសារព័ត៌មាន មានឥទ្ធិពលភ័យខ្លាចបន្ថែមទៀត ដែលធ្វើឱ្យអ្នកសារព័ត៌មានដទៃទៀតមិនហ៊ានរាយការណ៍អំពីបញ្ហាពាក់ព័ន្ធ។ តាមវិធីនេះ ធ្វើឱ្យពួកគេថយចុះនូវការជជែកដេញដោលជាសាធារណៈ និងរារាំងសមត្ថភាពរបស់យើងក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមខាងសង្គម រួមទាំង ការរាតត្បាតនៃជំងឺកូវីដ-១៩។
ការងាររបស់អ្នកសារព័ត៌មាន និងបុគ្គលិកសារព័ត៌មាននឹងមានសារៈសំខាន់សម្រាប់ពិភពលោកស្តារឡើងកាន់តែប្រសើរពីការបំផ្លិចបំផ្លាញនៃវិបត្ដិនេះ។ ព័ត៌មានដែលអាចជឿទុកចិត្តបាន ព័ត៌មានដែលបានពិនិត្យការពិត និងមានលក្ខណៈសត្យានុម័ត អាចប្រឆាំងនឹងការផ្សាយព័ត៌មានមិនពិត ជួយធានាបាននូវដំណោះស្រាយដែលធន់ និងប្រកបដោយចីរភាពចំពោះបញ្ហាប្រឈមនាបច្ចុប្បន្ននេះ ទាមទារឱ្យមានតម្លាភាព និងគណនេយ្យភាព ជំរុញឱ្យមានការជឿទុកចិត្តលើស្ថាប័ននានា។
រួមចំណែកដល់សុខុមាលភាពរបស់មនុស្សជាតិ ព័ត៌មានត្រឹមត្រូវ គឺជាផលប្រយោជន៏សាធារណៈ។
ការបំបិទសំឡេងអ្នកសារព័ត៌មានគឺជាការបាត់បង់ដល់សង្គមទាំងមូល។
ដើម្បីអបអរសាទរយ៉ាងពេញលេញនូវសេចក្តីក្លាហានរបស់អ្នកសារព័ត៌មាន ក្នុងការប្តេជ្ញាចិត្តរបស់ពួកគេដើម្បីផ្សព្វផ្សាយព័ត៌មានដល់សាធារណៈជន យើងត្រូវតែទាមទារឱ្យសិទ្ធិរបស់ពួកគេ ត្រូវបានគោរព ការពារ និងបំពេញ។